រំដោះជាតិដូចម្តេច
NATIONAL LIBERATION
(ដោយ អ៊ុម ហាក់)
តាមចំណាំ ពេលណាដែលប្រទេសគេមានអាសន្ន គេតែងតែឃើញវិរបុរសរបស់គេម្នាក់
ចេញមុខមកដឹកនាំបង្រួបបង្រួមពលរដ្ធតស៊ូរំដោះជាតិគេឲ្យរស់ឡើងវិញ មានលោក
Charles de Gaulle ប្រទេសបារាំងសេសនឹងលោក Winston Churchill នៃប្រទេសអង់គ្លេ
ស៍ជាដើម។ ចម្លែកបន្តិចស្រុកខ្មែរ ក្នុងគ្រាអាសន្នដោយបរទេសយួនឈ្លានពានត្រួតត្រា
គេសង្កេតឃើញមានវិរបុរសស្នេហាជាតិជាច្រើនងើបឡើងច្រូងច្រាងបង្កើតបានជាក្រុម
តស៊ូរំដោះជាតិមួយចំនួនឯករាជ្យដាច់ពីគ្នា ប្រើមធ្យោបាយផ្សេងៗពីគ្នា មិនតែប៉ុននោះ
គេជឿថាមធ្យោបាយរបស់គេជាមធ្យោបាយតែមួយគត់ដែលអាចរំដោះជាតិបាន។
សូមអនុញ្ញាតិលើកយកករណីក្រុមខ្លះៗមកសាកល្បងសិក្សាដូចតទៅ។
ក្រុមមួយបានប្តឹងទៅក្រុមប្រិក្សាអចិន្រ្តៃយនៃអង្គការសហប្រជាជាតិសុំឲ្យអង្គការនេះ
ជួយអនុវត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ថ្ងៃទី២៣តុលា១៩៩១ស្តីពីស្រុកខ្មែរ។ អង្គការសហ
ប្រជាជាតិបានឆ្លើយតបថាបានចម្លងបណ្តឹងនោះជូនទៅប្រទេសជាសាមីនឹងជូនទៅលោក
អគ្គលេខាធិការអង្គការ រួចហើយ។ ជាភាសាសាមញ្ញចម្លើយនេះមានន័យថាគ្មានចំណាត់
ការអ្វីលើសពីនេះទេ។ ចប់។
ក្រុមមួយទៀតជាក្រុមប្រឆាំងការបោះឆ្នោតឆ្នាំ២០១៣នេះដោយសំអាងថាជាការបោះ
ឆ្នោតបង្រ្គប់កិច្ចគ្រាន់តែធ្វើឲ្យបក្សប្រជាជនកាន់អំណាចស្របច្បាប់បន្ត៥ឆ្នាំទៅមុខទៀត
តែប៉ុននោះ។ គេឃោសនាថាមានតែកម្លាំងពលរដ្ធខ្មែរទេដែលអាចរំដោះស្រុកខ្មែរចេញ
ពីអាណានិគមនិយមយួន នឹងចេញពីអំណាចផ្តាច់ការបក្សកាន់អំណាចសព្វថ្ងៃបាន។
ក្រុមនេះបានប្តឹង ( ឬក៏អត់? )លោកហ៊ុន-សែនទៅតុលាការអន្តរជាតិនៅក្រុងឡាអេ ប្រ
ទេសហូឡង់អំពីឧក្រិដ្ធកម្មផ្សេងៗ។ តុលាការនេះបានឆ្លើយតបវិញដោយបានទាមទារ
ភស្តុតាងបន្ថែមទៀត។ ជាភាសាសាមញ្ញចម្លើយក៏មានន័យថាគ្មានចំណាត់ការលើពា
ក្យបណ្តឹងនេះនៅឡើយទេ។ចប់។
ក្រុមមួយទៀតជាក្រុមដែលពឹងពាក់លើអង្គការសហប្រជាជាតិស្ទើរតែទាំងស្រុង។ គេ
ធ្លាប់បានធ្វើបាតុកម្មនៅមុខអ.ស.ប.ញយដង ជាពិសេសនៅផ្នែកសទ្ធិមនុស្សនាប្រទេស
ស៊្វីស។ លទ្ធផលបានយ៉ាងណាៗស្ថិតនៅលើក្តីប៉ាន់ស្មានរបស់យើងរាល់គ្នានៅឡើយ។
ចុងក្រោយនេះគេឲ្យដឹងថា អ.ស.ប.គេចាំតែជួយយើងទេតែគេមិនទាន់ហ៊ានលូកដៃនៅ
ឡើយ គេបញ្ជាក់ទៀតថាគេមានម្ហួបបញ្ចុកយើងហើយទាស់តែយើងមិនព្រមបើកមាត់
ឆីតែប៉ុននោះ។ នេះគេចង់ទំលាក់ទោសទៅលើគណបក្សសង្រ្គោះជាតិដែលមិនព្រមទ
ទួលសំណើររបស់គេ។ គេថាគេមិនសុំឲ្យបក្សសង្រ្គោះជាតិធ្វើពហិការរឿងបោះឆ្នោត
នោះទេ គេគ្រាន់តែឲ្យសុំពន្យាពេលចំនួនមួយឆ្នាំកន្លះដើមបីឲ្យគេមានពេលគ្រប់គ្រាន់
កែរទម្រង់ប្រព័ន្ធបោះឆ្នោតតែប៉ុននោះ។ គេបន្ថែមថាបើគណបក្សសង្រ្គោះជាតិប្រកាស
មិនចូលរួមការបោះឆ្នោតល្គិកណាបើគ្មានការកែរទម្រង់ប្រព័ន្ធការបោះឆ្នោតទេ នោះ
អ.ស.ប.គេអាចនឹងចូលស្រុកខ្មែររៀបចំប្រព័ន្ធការបោះឆ្នោតឲ្យបានសេរីនឹងយុត្តិធម៌ដោយ
ស្របច្បាប់។ តើវាសនាស្រុកខ្មែរអាចនឹងដោះស្រាយបានស្រួលអីចឹងកើតឬ? តើអំណះអំ
ណាងបែបនេះអាចជឿទុកចិត្តបាន លេបមិនស្លាក់ទេឬ? សូមក្រឡេកទៅមើលប្រទេស
ស៊ីរីយ៉ាបន្តិចមើលតើវាយ៉ាងណាទៅហើយ។ ក្រុមបះបោរច្បាំងនឹងរដ្ធអំណាចផ្តាច់ការ
អស់ពេលច្រើនខែមកហើយ ស្លាប់មនុស្សអស់វាល់ម៉ឺនទៅហើយដើមបីទាមទារសេរី
ភាព។ អាវុធគីមីបានត្រូវគេយកមកប្រើប្រាសទាំងខុសច្បាប់ក្នុងសង្រ្គាមនេះ។ សួរថាតើ
អង្គការសហប្រជាជាតិបានកំរើកម្រាមដៃតិចតួចហើយឬនៅ?។ សូមបីតែសេចក្តីថ្លែង
ការណ៍ថ្កោលទោសអំពីបទឧក្រិដ្ធនេះលើក្រដាស់ក៏ដូចជាគ្មានផង។ អីចឹងបើយើងជឿ
ថាអង្គការសហប្រជាជាតិនឹងចូលទៅរៀបចំការបោះឆ្នោតឲ្យខ្មែរបាន គ្រាន់តែឲ្យបក្សប្រ
ឆាំងប្រកាសធ្វើពហិការប៉ុននោះ ក្រែងយើង « សង្ឃឹមផ្កាយលើមេឃ » ទេដឹង?។
ក្រុមមួយទៀតហៅខ្លួនគេថាជាក្រុមបដិវត្តន៍ មិនប្រកាន់ថាដោយមធ្យោបាយអហឹង្សា
ឬក៏ហឹង្សាឡើយយកគំរូតាមប្រទេស ទុយនីស៊ី លីប៊ី អេស្ហ៊ីប នឹងស៊ីរីជាដើម។ គេមិនគ្រាន់
តែប្រឆាំងនឹងការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣ខាងមុខប៉ុននោះទេ គេថែមទាំងចោទ
ទាំងគណបក្សនយោបាយដែលទៅចូលរួមបោះឆ្នោត ទាំងប្រជាពលរដ្ធដែលនឹងទៅបោះ
ឆ្នោតថាជាជនក្បត់ជាតិផង។កម្មវិធីបដិវត្តន៍របស់គេតាមលំដាប់អាទិភាពមាន ១- ដណ្តើម
ឯករាជ្យពីយួន ២- ទម្លាក់របបផ្តាច់ការ កុម្មុយនិស្តសព្វថ្ងៃ ៣-រៀបចំការបោះឆ្នោតដោយ
សេរីនឹងយុត្តិធម៌។ គំរោងការរបស់ក្រុមនេះធ្វើឲ្យយើងឃើញថា គេបានអានសៀវភៅ
ជាច្រើន នឹងបានសិក្សាអំពីបដិវត្តន៍ជាច្រើនក្នុងលោក មិនដឹងថាតើគេមានការពិសោធ
ក្នុងកិច្ចប្រតិបត្តិជាក់ស្តែងលើទឹកដីឬទេ។ ដោយខ្ញុំមិនមានតំរេះខាងបំបះបំបោរ ឬណែនាំ
បាតុកម្មសោះនោះខ្ញុំសូមអនុញ្ញាតិគ្រាន់តែធ្វើចំណាប់អារម្ភខ្លះៗដូចទៅ៖
ក- ការចោទប្រកាន់បងប្អូនខ្មែររាប់លាននាក់ដែលបំរុងនឹងទៅបោះឆ្នោតនៅថ្ងៃ២៨កក្កដា
ឆ្នាំ២០១៣ថាជាជនក្បត់ជាតិ ដូចជាធ្ងន់ធ្ងរជ្រុលពេកទេដឹង?
ខ- ការឲ្យខ្មែរធ្វើបដិវត្តន៍ដោយយកគំរូតាមស្រុកទុយនីស៊ី លីប៊ី អេស្ហ៊ីប នឹងស៊ីរីនោះតើ
លទ្ធផលបានដូចបំណងឬទេ? ករណីស្រុកខ្មែរនឹងស្រុកអារាបទាំងឡាយនោះមិនដូចគ្នា
ទេ។ ១-ស្រុកទាំងឡាយនោះគេឯករាជ្យ រីឯស្រុកខ្មែរកញ្ជះយួន។ ២-ស្រុកគេកាន់សា
សនាអ៊ីស្លាម រីឯខ្មែរកាន់ពុទ្ធសាសនា។ ៣-ប្រជារាស្រ្តស្រុកទាំងឡាយនោះមិនប្រាកដ់ជា
បានទទួលនូវសេរីភាពដូចបំណងផងទេ។ តួយ៉ាងដូចជាប្រទេសអេស្ហ៊ីបជាដើម ការបោះ
ឆ្នោតដោយសេរីនឹងយុត្តិធម៌ បានត្រិមតែដកជនផ្តាច់ការម្នាក់ដាក់ជនផ្តាច់ការម្នាក់ទៀត
ដែលមាននិន្នាការណ៌អ៊ីស្លាមតឹងតែងមកពី « ភាតរភាពអ៊ីស្លាម » Islam Brotherhood។
នៅពីក្រោយពួកជ្រុលនិយមនេះមានក្រុមភេរវជន « អាល់កេដា » Al Qaeda ជួយណែនាំ
ញាក់ខ្សែផង។ រីឯប្រទេសដទៃខ្លះទៀតនៅច្បាំងគ្នានៅឡើយ ហើយក៏មានពួក « អាល់កេ
ដា »នៅ ពីក្រោយដូចគ្នា។
គ- ការទាមទារឯករាជ្យពីយួនដោយវិធីណាក៏ដោយ ត្រូវចាំបាច់ប៉ះទង្គិចនឹងអាយ៉ងវាដែល
ជាខ្មែរជាមុនជាដាច់ខាតព្រោះយួនវានៅគាំទ្រតែពីខាងក្រោយ។ ដល់អីចឹងទៅអំណះអំ
ណាងថាយកឯករាជ្យពីយួនបានទើបទម្លាក់របបខ្មែរកុម្មុយនិស្តផ្តាច់ការនោះ តើត្រូវធ្វើ
របៀបណា?
ឃ- ការធ្វើបាតុកម្ម ឬការបះបោរទ្រង់ទ្រាយធំ ដើមបីទាមទារឯករាជ្យ ឬដើមបីរំលំរបបដឹក
នាំឲ្យបានជោកជ័យវាអាស្រ័យទៅលើកម្លាំង និស្សិត បញ្ញវន្ត កសិករ កម្មករ សហជីព នឹង
ពលរដ្ធទូទៅ។ បើយើងពិនិត្យស្ថានភាពស្រុកខ្មែរ គេឃើញថានិស្សិត បញ្ញវន្តតិចតួចស្តួច
ស្តើងណាស់បានប្រុងប្រៀបខ្លួនរួចហើយ។ បើក្រឡេកមើលទៅកសិករ កម្មករ នឹងពលរដ្ធ
ជាទូទៅ គេឃើញច្បាស់ថាមិនត្រិមតែអស់ជំនឿលើរដ្ធាភិបាលកុម្មុយនិស្តផ្តាច់ការហ៊ុន-
សែន នឹងអ្នកមានអំណាចបុណ្យសក្តិ៍ប្លន់ដីដុតផ្ទះរបស់ពួកគេពេញស្រុកខ្មែរប៉ុននោះទេ
ពួកគេក្តៅក្រហាយដល់ថ្នាក់កំពូលទៅហើយ។ ជាញឹកញាប់ពួកគេធ្វើបាតុកម្មដាច់ដោយ
ឡែកពីគ្នាគ្រប់ទឹសគ្រប់ទីពេញប្រទេសទៅហើយ។ បើសិនជាមានប្រព័ន្ធសហការណ៍ល្អ
កម្លាំងពួកគេរួមគ្នាអាចមានលទ្ធភាពរំលំរបបកុម្មុយនិស្តផ្តាច់ការហ៊ុន-សែននឹងបក្សពួក
បាន។ អ្វីដែលខ្វះពេលនេះគឺមេដឹកនាំ នឹងប្រព៍ន្ធដឹកនាំបង្រួបបង្រួម។ បើនិយាយពីសហ
ជីពវិញមានច្រើនហើយហាក់មានទឹសដៅខុសៗគ្នា មិនសូវរួបរួមគ្នាទេ។
ក្រុមមួយទៀតគឺគណបក្សនយោបាយដែលប្រុងប្រៀបទៅរួមបោះឆ្នោតសាកលនៅថ្ងៃ
ទី២៨កក្កដា ឆ្នាំ២០១៣ខាងមុខ។ សូមអនុញ្ញាតិលើកយកតែករណីគណបក្សសង្រ្គោះ
ជាតិដែលកើតចេញមកពីការរួមចូលគ្នារបស់គណបក្ស សម រង្សី នឹងគណបក្ស សិទ្ធិម
នុស្សដោយសារសម្ពាធពីសំណាក់ពលរដ្ធខ្មែរទាំងក្នុងនឹងក្រៅប្រទេស នឹងជាគណបក្ស
ប្រជែងខ្លាំងជាងគេមកពិចារណា។ ក្រុមនេះមានការគាំទ្រខ្លាំងក្លាពីសំណាក់ពលរដ្ធខ្មែរ
ទាំងក្នុងទាំងក្រៅប្រទេសគួរឲ្យចាប់អារម្ភក្រៃលែង។ គេបានដាក់ពាក្យចូលប្រកួតបោះ
ឆ្នោតរួចហើយ តែគេក៏បានធ្វើបាតុកម្មទាមទារឲ្យមានការផ្លាស់ប្តូរគណកម្មការរៀបចំការ
បោះឆ្នោត ( គ.ជ.ប. ) នឹងប្រព័ន្ធបោះឆ្នោតផងដែរ។ គេមិនទាន់បានទាត់ចោលនូវពហិ
ការក្នុងការបោះឆ្នោតនៅឡើយដែរទេ។ អនាគតវាទៅជាយ៉ាងណានោះក៏វានៅតេលើ
ការប៉ាន់ស្មានរបស់យើងរាល់គ្នានៅឡើយដែរ។ គួរកត់សំគាល់ថាពេលនេះខ្មែរយើងរួប
រួមគ្នាងើបឡើងប្រឆាំងយួនឈ្លានពានមិនខុសពីកាលឆ្នាំ១៩៧០ ថ្ងៃទី១៨មិនាឡើយ។
គេងើបឡើងជួយគាំទ្រគណបក្សសង្រ្គោះជាតិដោយគ្រប់មធ្យោបាយដែលអាចធ្វើបាន
គួរឲ្យមានក្តីសង្ឃឹម។ បើសិក្សាអំពី « ជំនោរខ្យល់ជូន » លុះបច្ចុប្បន្ននេះគណបក្ស
សង្រ្គោះជាតិនឹងចូលរួមបោះឆ្នោតនៅថ្ងៃ២៨កក្កដាឆ្នាំ២០១៣នេះព្រោះវាជាជំរើសដែល
អាក្រក់តិចជាងគេ។
ការរៀបរាប់មកយ៉ាងវែងអន្លាយនេះ គ្រាន់តែចង់រំលឹកថាទោះជាត្រូវគេប្រហារអស់រាប់
លាននាក់ទៅហើយយ៉ាងណាក្តី ក៏មាននៅសល់វិរជនជាបណ្ឌិតក្រាសក្រែល នឹងវិរជន
អ្នកស្នេហាជាតិមួយចំនួនធំផងដែរ ទាស់តែគេមានះថាមានតែគំនិតនឹងមធ្យោបាយរបស់
គេទេដែលអាចជួយរំដោះស្រុកបាន។ ដល់អីចឹងទៅ មិនត្រិមតែស្តីបន្ទោសក្រុមដទៃដោយ
ប្រការផ្សេងៗ ជួនកាលរហូតដល់ទៅចោទគ្នាថាក្បត់ជាតិថែមទៅទៀត។ រូបភាពនេះធ្វើ
យើងនឹកឃើញដល់រឿង នាយខ្វាក់បួននាក់ស្ទាបដំរី។ នាយម្នាក់ស្ទាបស្លិកត្រចៀកថាដំរី
ដូចចង្អេរ នាយម្នាក់ទៀតស្ទាបប្រម៉ោយថាដូចអង្រែ នាយម្នាក់ស្ទាបជើងថាដូចសសរ ឯ
ម្នាក់ចុងក្រោយស្ទាបកន្ទុយថាដូចអំបោស។ មាននរណាយស់ខុសឬទេ?។ អត់ទេ។ និ
យាយឲ្យខ្លីទៅ នាយខ្វាក់ទាំងបូនស្គាល់ដំរីមួយជ្រុងម្នាក់គឺ ត្រចៀកដំរីពិតជាដូចចង្អេរ ប្រ
ម៉ោយដំរីដូចអង្រែ ជើងវាដូចសសរ ហើយកន្ទុយវាដូចអំបោសពិតប្រាកដ់ មិនមាននរណា
ខុសទាល់តែសោះ។ រូបរាងដំរីពិតប្រាកដ់នឹងរកឃើញម្តេចនឹងកើតបើគេមិនព្រមយកគំ
ហ៊ើញទាំងអស់មកបូកចូលគ្នា?។ យ៉ាងណាមិញ វិរជនខ្មែរអ្នកស្នេហាជាតិគ្រប់ក្រុមហាក់
មានះមិនខុសអ្វីអំពីនាយខ្វាក់បួននាក់ស្ទាបដំរីដែរ។ ក្រុមណាក៏ដូចក្រុមណាដែរ គេជឿ
ជាក់ថាមានតែមធ្យោបាយក្រុមខ្លួនមួយទេដែលអាចរំដោះស្រុកបាន។ គេហាក់ដូចជា
មើលឃើញដំណោះស្រាយបញ្ហាខ្មែរមួយក្រុមមួយជ្រុង តែពុំបានឃើញបញ្ហាទាំងមូល
ផងទេ។
ខ្ញុំស្រឡាញ់សំដីរបស់អធិរាជបារាំងសេស Napoleon Bonaparte ដែលថ្លែងថា “ Il faut
defendre la patrie soit avec ignominie soit avec gloire. Tous les moyens sont bons
pourvu qu’elle soit defendue “ មានន័យជាអាទិ៍ថា ត្រូវតែការពារមាតុភូមិឲ្យបានទោះជា
ត្រូវប្រើមធ្យោបាយកខ្វក់ថោកទាប ឬមធ្យោបាយថ្លៃថ្នូរប្រកបដោយកិត្តិយស។ មធ្យោបា
យណាក៏ល្អដែរ ឲ្យតែការពារបាន។
ជាទីបញ្ចប់ខ្ញុំសូមអង្វរករវិរជន/នារីខ្មែរស្នេហាជាតិគ្រប់ក្រុម បើបានមើលឃើញមធ្យោ
បាយសក្តិ៍សិទ្ធអាចជួយរំដោះជាតិបាន សូមអញ្ជើញនាំគ្នាប្រឹងប្រែងតស៊ូរំដោះជាតិតាម
មធ្យោបាយរបស់ក្រុមខ្លួនទៅ។ បើមិនអាចទៅចូលរួមជាមួយក្រុមផ្សេង ឬមិនអាចហៅ
រកក្រុមផ្សេងមករួបរួមជាមួយក្រុមខ្លួនបានទេ សូមតែកុំវាយប្រហារគ្នាទៅវិញទៅមក។
ធ្វើបានប៉ុននេះគឺបានឈានមួយជំហានដំបូងឆ្ពោះទៅរកការរួបរួមគ្នាដើមបីរំដោះជាតិ
ជាទីស្នេហាដែរហើយ។ សូមស្វាគមន៍មតិផ្សេង!!!៕
Monday, 27 May 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment